ព្រះមហាវេស្សន្តរជាតក នគរកណ្ឌ
ព្ធដ៏កាលនោះព្រះមហាសត្វបានសណ្តាប់ព្រះរាជឱង្ការសម្តេចព្រះវរមាតាបិតាអារាធនាអោយស្តេចលាព្រ័តចេញពីឥសី ចូលទៅគ្រងបុរីដូចដើម ព្រះអង្គលើកករប្រណម្យសម្តេចព្រះវរមាតាបិតា ក្រាបទូលដោះសាដោយនូវបាទគាថា ដូច្នេះបពិត្រ ព្រះអង្គដ៏ជាក្សត្រធំឧត្តមប្រសើរអើយ ដើមឡើយព្រះអង្គទ្រង់ព្រះមេត្តាប្រោសប្រាណ ព្រះរាជទានអោយគ្រងស្វេតឆ័ត្ររដ្ឋបុរី អោយស្រដីទូន្មានអស់អាណាប្រជារាស្ត្រ កុំអោយធ្វើក្រៅព្រះរាជក្រឹត្យ ខុសនឹងព្រះរាជអាជ្ញា ហើយព្រះអង្គថា អស់អាណាប្រជារាស្ត្រទាំងឡាយ សឹងតែក្តៅក្រហាយខឹងនឹងអញខ្ញុំណាស់ ថាត្បិតអញខ្ញុំអោយដំរីមង្គលទៅជាទាន ទើបគេនាំគ្នាបំបរបង់អោយព្រាត់ចាកចោលរាជសម្បត្តិចេញមក អញខ្ញុំខំដើរមកនៅព្រៃនេះ ជាព្រៃស្មសានឋានស្ងាត់ហើយ បពិត្រអម្ចាស់អើយ ឥឡូវនេះ ព្រះអង្គទ្រង់ព្រះចិន្តាដូចម្តេច ក៏បានជាស្តេចមកអារាធនាអញខ្ញុំ ដែលព្រះអង្គថា ជាអ្នកខុសពុំត្រូវ អោយទៅសោយរាជដូចអំពីដើមវិញ ខ្ញុំអម្ចាស់ពុំពេញចិត្តឡើយ។អណ្តាប់នោះ ព្រះបាទក្រុងស្រីសញ្ជ័យ បានទ្រង់ស្តាប់សេចក្តីនៃព្រះរាជបុត្រា តបព្រះរាជឱង្ការដូច្នោះហើយ ពុំលង់ឡើយព្រះអង្គរិះរកបរិហារបណ្តាល ដើម្បីនឹងអោយព្រះរាជបុត្រ ទន់ព្រះទ័យ ទើបមានព្រះបន្ទូលថា ហៃកូនស្ងួនតែមួយ ជាត្រួយត្រូលបណ្តូលពន្លកហឫទ័យ បីដូចនយនាមាសឪពុកអើយ ត្បិតបិតានេះ ធ្វើអោយអ្នកមានសេចក្តីអំពល់ទល់ទុក្ខ ពុំសុខសប្បាយ ចេញមកនៅព្រៃអាយនេះ ព្រោះត្បិតតែជឿពាក្យអ្នកស្រុកវាញុះញង់ ហៃកូនស្ងួនសម្លាញ់ឪពុកអើយ ទោសទាំនេះ គួរខុសណាស់ហើយ តាមតែអ្នកអត់ទោសប្រោសបិតា នាកាលឥឡូវនេះហោង។ព្រះបាទស្រីសញ្ជ័យមានព្រះរាជឱង្ការហើយក៏លើករាជសម្បត្តិថ្វាយព្រះរាជបុត្រ ហើយមានព្រះបន្ទូលថា ម្នាលកូលសម្លាញ់ពេញចិត្ត ស្មើជីវិតបិតាអើយ បើបុគ្គលឯណាកើតមកជាបុរសរ័ត្ន ឥតសង្ស័យនៅនាលោកិយ មានសេចក្តីឧស្សាហ៍ ពុំគិតជីវិត កាត់ចិត្តចេញមកជំរះទុក្ខសោក រោគភ័យក្តីមន្ទិលក្នុងប្រាណ។ ហេតុនោះ បាកុំបីមានចិត្តខឹងជាគំនុំចងទោសអ្នកផងទាំងឡាយ ចូរធ្វើតាមពាក្យបិតា លាចេញពីភេទព្រះតាបស ចូរកូនប្រុសអ្នកទ្រង់គ្រងរាជសម្បត្តិ នឹងបានជាទីពំនាក់ព្រាហ្មណ៍ ព្រឹទ្ធបណ្ឌិតកវីមុខមន្ត្រីអាមាត្យ និងអស់រេហ៍ពលយោធាស្នងបិតានៅកាលគ្រានេះហោង។ ព្រះមហាវេស្សន្តរបវរពុទ្ធង្កុរបណ្តូលពុទ្ធវង្ស កាលព្រះអង្គនឹងទទួលយករាជសម្បត្តិ តែចាំក្រាបទូលស្នងព្រះរាជឱង្ការសម្តេចព្រះវរបិតា អោយបានអស់មន្ទិលសង្ស័យ។ ឯព្រះបាទស្រីសញ្ជ័យ ក៏រមែងអង្វរលួងលោម ពុំអោយអាក់អន់ ទើបព្រះរាជបុត្រ ទទួលអញ្ជើញតាមព្រះរាជឱង្ការត្រាស់ថា សាធុ សាធុ សាធុ។កាលនោះអស់អាមាត្យទាំង៦ម៉ឺន ដែលកើតរួមថ្ងៃតែមួយនឹងព្រះរាជបុត្រ លុះបានឮសេចក្តីថា ព្រះអង្គទទួលអញ្ជើញដូច្នេះហើយ សហជាតអាមាត្យទាំងនោះ លើកករប្រណម្យថ្វាយបង្គំព្រះបរមរាជា ក្រាទូលថា បពិត្រព្រះអង្គ ដ៏ទ្រង់នូវគុណាតិរេក ជាឯកលើត្បូងខ្ញុំម្ចាស់អើយ យាងព្រះអង្គទៅស្រោចស្រង់ទឹកអប់ ត្រឡប់នូវគន្ធពិដោរ បន្ទោបង់នូវញើសក្អែលក្តៅក្រហាយ អោយសប្បាយព្រះអង្គស្រេចហើយ សូមស្តេចទទួលយកស្វេតឆ័ត្ររាជសម្បត្តិ ឋិតនៅជាអម្ចាស់នៃយើងខ្ញុំហោង។ រីព្រះបរមពោធិសត្វ ទ្រង់ត្រាស់ថា ហៃអាមាត្យទាំងឡាយអើយ ចូរឈប់បន្តិចសិន ទើបស្តេចចូលទៅក្នុងព្រះបរមសាលា ផ្លាស់អស់គ្រឿងព្រះអម្ពរឥសីចេញអំពីព្រះអង្គ ហើយស្តេចទ្រង់ព្រះពស្ត្រព្រះភូសាបរិសុទ្ធ ប្រដូចនូវពណ៌ស័ង្ខ រួចស្តេចចេញមកគង់នៅនាមុខព្រះអាស្រម ហើយស្តេចធ្វើប្រទក្សិណព្រះបរមសាលា៣ជុំ ទើបមានព្រះបន្ទូលថា ឱះឱ! ព្រះបរមសាលានេះអើយ ជាទីពឹងអាស្រ័យនៃយើង ប្រមាណបាន៩ខែនិង១៥រាត្រី ទើបបានសាងបរមត្ថបារមីសមណធម៌ បានអោយសម្តេចព្រះមទ្រីនិងព្រះរាជបុត្រាបុត្រី ទៅជាទាន លុះកក្រើកដល់ភវគ្គព្រហ្ម និងអស់ទេវតាសព្វឋាន ព្រោះត្បិតយើងបានអាស្រ័យ បរមសាលានេះឯងជាលំនៅ អំពីនេះទៅ សមព្រះបរមសាលានេះនឹងនៅទំនេរ ឥតអ្នកណាមួយនៅឡើយ។ ឱ! ម្ល៉ោះហើយ សត្វទាំងឡាយនឹងមកយាយី រីឯកុដិក៏ស្ងាត់ជ្រងំ ពុំមានអ្នកពិភ័ក្តិរក្សា ម្ល៉េះហើយសមនឹងបាក់ទ្រុឌទ្រោមទៅជាអាសារឥតការ ទើបព្រះអង្គលើកព្រះករបវរដាក់លើព្រះកេសវិសេសបង្គំដោយបញ្ចង្គប្រតិស្ឋាននៅខាងមុខព្រះបរមសាលា ហើយព្រះអង្គឋិតនៅនាឋាននេះឯង។បពិត្រអើយ ព្ធដ៏កាលនោះ មានខ្មាន់ព្រះកេស ចូលទៅក្រាបថ្វាយបង្គំ ហើយចម្រើនព្រះកេសាជម្រះព្រះលោមា នៃព្រះបរមពោធិសត្វនោះ។ លុះស្រេចហើយ ក៏អភិសេកស្រោចស្រង់ទ្រង់នូវគ្រឿងប្រដាប់សំរាប់ក្សត្រ ល្អរុងរឿងបីដូចព្រះឥន្ទ្រាធិរាជសោយរាជសម្បត្តិនៅឋានទេវលោក។
ហេតុនោះ ទើបលោកនាំយកបាលីក្នុងគម្ពីរចរិយាបិដក មកសម្តែងថា ហៃធម្មសេនាបតីសារីបុត្រ កាលនោះព្រះបាទវេស្សន្តរបវរពោធិសត្វខត្តិយាធិបតីស្រីសុរិយវង្ស អង្គនារាយណ៍នរបតី ស្រីសម្មតិទេព មហារាជក្សត្រថ្លៃប្រសើរនោះ លុះព្រះអង្គជំរះព្រះកេសាហើយ ស្តេចទ្រង់នូវទឹកអប់ លំពាន់ក្រស្នា គូរាជេន ឈ្មុសទេសវិសេសសឹងដ៏ល្វេង អប់ត្រឡប់ទៅនូវគន្ធពិដោរ ស្តេចប្រាសលះលែងនូវគ្រឿងប្រដាប់សំរាប់ជាអ្នកបួសនោះ ហើយ ទ្រង់ក៏កាន់យកនូវស្វេតឈឆ័ត្រ ជាស្តេចប្រកបនូវយសបរិវារ ជាអធិកពន្លឹកមហិមាក្រៃពេកហោង។
បពិត្រអើយ ក្នុងកាលនោះ រីព្រះតេជះព្រះយសខ្ពស់វែងឆ្ងាយល្បីឮខ្ចរខ្ចាយសាយសព្វព្រះនគរ បើព្រះអង្គនឹងទតព្រះនេត្រទៅកាន់ទិសណា ក៏សឹងកក្រើកញ័រដល់ឋាននោះ ព្រោះព្រះអង្គទ្រង់បានបំពេញទានបរមត្ថបារមី ដ៏ក្សេមក្សាន្តក្នុងព្រះទ័យ។ អស់ទាំងព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតហោរា បុរោហិត ព្រមទាំងមុខមន្ត្រីសេនាបតី សេដ្ឋី នាំគ្នាមកជួបជុំសូត្រស្លុតី ថ្វាយវុឌ្ឍីមង្គលពលីការ មនស្តារចម្រើនព្រះពរជ័យ ថ្វាយព្រះបរមពោធិសត្វស្រេចហើយ ប្រគំតន្ត្រី ដ៏មានសូរពន្លឹក គគ្រឹកគគ្រេង មានឧបមាបីដូចរលកនៅកណ្តាលមហាសមុទ្រ។ អណ្តាប់នោះ នាយដំរី ក៏ប្រដាប់គុជសារ ក្រាលនូវកម្រាលដ៏វិចិត្រ ចងដង្គន់ស្នាប់មុខ ចង្កំភ្លុកកូបហាង លំញ៉ងដងក្រពាត់ប្រដាប់ដាំត្បូងនីលរ័ត្នមានរស្មីព្រោងព្រាយ នាំចូលទៅថ្វាយព្រះអង្គ ទើបស្តេចទ្រង់នូវព្រះខ័នថ្លា ហើយស្តេចឡើងគង់លើហត្ថីរ័ត្ន ដ៏ធំធាត់មាឌមាំក្លាហាន។ ឯអស់សេនាជំនិតព្រះអង្គ ទាំង៦ម៉ឺន ក៏ចោមរោមជាយសបរិវារជុំវិញព្រះអង្គ ស្តេចលីលាទៅគង់ឯព្រះពន្លាជ័យក្នុងកាលនោះ។ បពិត្រអើយ កាលនោះ រីអស់ស្រីរ័ត្នកញ្ញាផង ក៏នាំគ្នាតាក់តែងព្រះសរិលកាយសម្តេចព្រះនាងមទ្រី ស្រោចស្រង់នៅគ្រឿងប្រដាប់សម្រាប់ក្សត្រី អភិសេកជាអគ្គមហេសី ទើបនាំគ្នាសូត្រស្លុតី ចម្រើនព្រះពរជ័យមង្គលថា សូមព្រះបាទស្រីវេស្សន្តរពិភ័ក្តិរក្សាព្រះម៉ែម្ចាស់ អោយបានសេចក្តីសុខក្សេមក្សាន្ត ក្នុងព្រះរាជហឫទ័យ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ដូច្នេះ ហៃភិក្ខុសង្ឃផងទាំងឡាយ រីព្រះបាទសម្តេចព្រះវេស្សន្តរលុះស្រង់ព្រះសុគន្ធរសស្រេច ស្តេចទ្រង់ប្រដាប់ព្រះអង្គ ទ្រង់នូវស្នាប់ព្រះឧរូ ជើងជរ សឹងប៉ាក់ឆ្លាក់ល្អស្រេចស្រស់ ទើបស្តេចទ្រង់នូវព្រះពស្ត្រព្រះភូសាសម្រាប់ក្សត្រ ក្រវាត់នូវជើងបាទ ហើយទ្រង់មកុដអារាមរន្ទាម ព្រះសុរងកងក កុណ្ឌល សឹងល្អវិចិត្រ ទ្រង់ព្រះទម្រង់ត្បូងនីលរ័ត្នវិចិត្រ នូវពៃទូរ្យសូរ្យកាន្តដ៏មានតម្លៃនគរមួយ សម្រាប់រាជាភិសេកជាឯកអគ្គមហាក្សត្រទ្រង់នូវគ្រឿងរ័ត្នបញ្ចកកុធភណ្ឌទាំង៥ស្រេច ស្តេចគង់លើទែនមណីរ័ត្ន បាំងនូវស្វេតឆ័ត្រក្លស់ក្លំអភិរម បន្សំនូវអស់គ្រឿងខ្ពស់ ទើបអស់អាមាត្យសេនា ចៅពញា ព្រះហ្លួង ឃុន ហ្មឺនទាំងពួង និងអាមាត្យដែលកើតថ្ងៃជាមួយនឹងព្រះអង្គទាំង៦ម៉ឺនគាល់ព្រះមហាក្សត្រតាមជួរសង្កាត់ទីទៃៗ។ ឯអង្គព្រះអគ្គមហេសី ក៏ទ្រង់នូវគ្រឿងប្រដាប់ប្រដាធ្និមអម្ពរសឹងល្អឧត្តម ឯអស់ស្រីស្នំ ស្លៀកដណ្តប់តាមដោយនូវប្រដាប់ទីទៃៗ និងអស់ស្រីអករ៍យាយ ចាស់ទុំ សឹងរណ្តាប់ដោយនូវកំណាន់ជាពាន់ជាម៉ឺន មាននូវរូបល្អប្រសើរ ហែសម្តេចព្រះនាងមទ្រីមកអភិសេកជាអគ្គមហេសី។ ទើបអស់ព្រាហ្មណាចារ្យ មកស្រោចស្រង់ព្រះអង្គទាំងពីរ ដោយទឹកស័ង្ខ ទឹកទង់ដែង អស់ទាំងភ្លេងតន្ត្រីពិណពាទ្យរងំ សមនឹងសំឡេងស្គរគង អស់អាមាត្យមន្ត្រីលើកដៃប្រណម្យក្រាបថ្វាយបង្គំថ្វាយព្រះពរ ស្រដីដោយនូវបទព្រះបាលីដូច្នេះ សូមអោយព្រះបាទស្រីវេស្សន្តរ បវរមហាក្សត្រ ចូរព្រះអង្គរក្សាសម្តេចព្រះនាងមទ្រី ដែលជាអគ្គមហេសី អោយត្រេកអរសាទរស្មោះអភិរម កុំបីមានទុក្ខសោករោគា ឯព្រះជាលីក្រស្នា ក៏សូមអោយក្សេមក្សាន្ត អោយបានថែរក្សាព្រះវរមាតាបិតា ព្ធដ៏អនាគតកាលទៅមុខនោះហោង។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ហៃភិក្ខុអើយ កាលនោះព្រះបាទស្រីវេស្សន្តរ និងព្រះនាងមទ្រី កាលបានជួបប្រសព្វនឹងព្រះរាជបុត្រទាំងពីរ មួយអន្លើនឹងអស់ពលផងទាំងឡាយ ជាបច្ច័យហើយ មានព្រះរាជហរទ័យត្រេកអរសោមនស្សា ទ្រង់ភ្លឹករលឹកទៅដល់សេចក្តីលំបាកវេទនាអំពីមុន កាលស្តេចនៅក្នុងព្រៃនោះ ទើបស្តេចមានព្រះរាជឱង្ការអោយនាំយកស្គរអានន្ទភេរី ទៅទូងទូទាំងសព្វច្រកព្រៃភ្នំក្រំថ្ម ផ្សាយពណ៌មានអោយមហាជនបានដឹងថា ទ្រង់ប្រោសព្រះមេត្តាអោយអ្នករាល់គ្នាលេងល្បែងមហោស្រព សព្វតំបន់ជាទីក្សេមក្សាន្តសប្បាយតាមប្រាថ្នា។ ឯសម្តេចព្រះនាងមទ្រី ដ៏ទ្រទ្រង់នូវលក្ខណាល្អពិសី កាលព្រះនាងបានជួបជុំព្រះរាជបុត្រាបុត្រីទាំងពីរហើយ ក៏មានព្រះទ័យត្រេកអរ ទើបព្រះនាងមានព្រះសវនីយ៍ទៅនឹងព្រះរាជបុត្រទាំងពីរដោយគាថា ដូច្នេះ ហៃនាងក្រស្នាបាជាលីកូនស្ងួនសម្លាញ់ម្តាយទាំងពីរអើយ នាកាលម្តាយព្រាត់ចាកចេញអំពីស្រុក ម្តាយដើរជជ្រុលជជ្រកមកនៅព្រៃ ក៏ប្រស្រ័យតែឃើញមុខកូនស្ងួនសម្លាញ់ទាំងពីរ រីទុក្ខទាំងឡាយនោះមិញ ក៏អន្តរធានបាត់ទៅ កូនអើយ ម្តាយតាំងចិត្តស្វែងរកផលាជាអាហារទាំងឡាយ ម្តាយដើរតែម្នាក់ឯងពុំក្រែងជីវិត គិតប្រាថ្នាតែយកមកចិញ្ចឹមកូនគូកម្សត់ ក្រែងអត់ឃ្លាន ម្តាយថ្នមពុំអោយមានហ្មង ប៉ងបានជាគូកម្សត់នៅក្នុងព្រៃ។ ឱ! ហេតុតែកម្មវិបាកអ្វីអើយ ក៏អោយព្រាត់ចាកកូនសង្សារ អំពីកាលបិតាអ្នកអោយទៅជាទាន ជូជកព្រាហ្មណ៍ព្រឹទ្ធាចារ្យ ទទួលយកបាទៅ ម្តាយនេះតែងនៅជាទុក្ខខ្លោចផ្សា ពុំមានស្រាកស្រាន្ត រីអស់ផលាហារ ក៏ពុំបានបរិភោក្តា តែងតែសោកាទួញយំឥតស្បើយ លុះវេលាល្ងាចហើយ ម្តាយគិតដល់អ្នកទាំងពីរ ដល់ម្តាយពុំយល់មុខ ទុក្ខក៏កើតឡើងជាថ្មី ម្តាយដេកនៅដីផ្ទាល់ប្រឹថពី រីឯក្តីស្រឡាញ់នៃជននី និងព្រះវរបិតានោះ ពន់ប្រមាណ ត្បិតបានពិភ័ក្តិរក្សាកូនសំឡាញ់ រីសម្តេចព្រះអយ្យកោអយ្យិកានោះមិញ ក៏មានព្រះទ័យសោមសន្សានឹងព្រះរាជនត្តោនត្តា ពុំអោយហ្មង។ ប្រការមួយសោត រីកុសលផលបុណ្យនៃព្រះវររាជមាតាបិតានឹងអស់អ្នកទាំងពីរ បានធ្វើប៉ុន្មានៗក្តី សូមអោយជួយរក្សាបា កុំបីមានព្យាធិរោគាជរាមកបៀតបៀនបាបានឡើយ ហើយអោយបាបានស្នងគ្រងព្រះនគរ តាងព្រះវរបិតានោះតទៅ។
បពិត្រអើយ ព្ធដ៏កាលនោះ ព្រះនាងសុបារសុប្បតីទេវីទ្រង់មានព្រះតម្រិះក្នុងព្រះចិន្តាថា តាំងអំពីថ្ងៃនេះទៅ ព្រះនាងមទ្រី ដែលជាព្រះសុណិសាកូនប្រសាអញ ទ្រង់ព្រះភូសា និងប្រដាប់តាក់តែងអាត្មា ដោយគ្រឿងអលង្ការដ៏ត្រកាលទាំងពួងនេះ លុះព្រះនាងទ្រង់ព្រះចិន្តាដូច្នេះហើយ ក៏អោយចាត់ចែងរណ្តាប់គ្រឿងអលង្ការទុកក្នុងស្មុគរួចហើយ ទើបចាត់បញ្ជូនទៅព្រះរាជទានព្រះនាងមទ្រី ប្រយោជន៍ដើម្បីនឹងអោយទ្រង់ជាប្រដាប់សំរាប់អាត្មាព្រះអង្គនាង។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ហៃភិក្ខុទាំងឡាយ អណ្តាប់នោះព្រះនាងសុបារសុប្បតីគិតក្នុងព្រះទ័យថា សម្តេចព្រះនាងមទ្រីដែលជាព្រះរាជបុត្រីស្រីសុណិសា លាព្រ័តចេញអំពីតាបសឥសីហើយ ក៏ព្រះនាងនឹងទ្រង់គ្រឿងប្រដាប់សំរាប់ព្រះអគ្គមហេសី ទើបសម្តេចព្រះនាងសុបារសុប្បតីយកគ្រឿងទាំងឡាយអោយព្រះសុណិសា គឺព្រះពស្ត្រកាសិកពស្ត្រ និងព្រះពស្ត្រកោទុម្ពរពស្ត្រ កោសេយ្យពស្ត្រ ខោមពស្ត្រដ៏ល្អបរិសុទ្ធដែលប៉ាក់ឆ្លាក់ដោយលួសមាសជាជរ សឹងដ៏ល្អស្រស់ស្រេច សម្តេចព្រះនាងសុបារសុប្បតីរើសផ្ចង់បម្រុងព្រះរាជទាន។ ប្រការមួយសោត សម្តេចព្រះនាងមទ្រីដែលបានលាព្រ័តចេញពីតាបសឥសី ជាអគ្គមហេសីឧត្តមសមជានឹងទ្រង់អស់គ្រឿងប្រដាប់សម្រាប់អោយគួរជាអគ្គមហេសី ទើបព្រះនាងព្រះរាជទានជាដើមគឺ មកុដអារាមរន្ទាម ព្រះសុរងកង ព្រះហ៊ូរ័ក ត្រសាល់ស្នៀតសក់ ស្នាប់ទ្រាប់ព្រះជង្ឃ ព្រះទម្រង់ សឹងដ៏ដាំនូវត្បូងបុស្បូរ បទុមរាគរ័ត្ន មុក្តារ័ត្នប្រពាលរ័ត្ន មានរស្មីច្រវាត់ស្ទើរនឹងស្រក់ ព្រះសុពណ៌បាទុក៍ ដ៏មានរចនា ទាំងសុគន្ធមាលាក្រចេះចួងចន្ទន៍ លំពាន់ពុំសែន គូរាជេន ឈ្មុសទេស ដ៏ជាគ្រឿងវិសេស សម្រាប់ទ្រង់។ សម្តេចព្រះនាងសុបារសុប្បតី សឹងផ្ចង់ព្រះរាជទានសម្តេចព្រះនាងមទ្រីនោះឯងហោង។ សម្តេចព្រះនាងមទ្រីស្រីសុភលក្ខណា ទទួលអស់គ្រឿងប្រដាប់ប្រដា មកទ្រង់ប្រដាប់ព្រះអង្គល្អបវរ ដូចស្រីទេពអប្សរបវរកញ្ញាឋិតនៅនាត្រៃត្រឹង្សាសួគ៌ឋាន មានដងខ្លួនក្លៀវក្លំរៀវមូល បីដូចបណ្តូលចេកមាសអភិកាសកើតព្ធដ៏ព្រៃចិត្តលតាវ័នដែលត្រូវខ្យល់មណ្ឌលវាត បោកបក់ទន់ទោរទៅវិញទៅមក មានប្រការដូចម្តេចមិញ រីសម្តេចព្រះនាងមទ្រី ក៏មានលម្អរដូច្នោះឯង។ រីព្រះទន្តទាំង៤០នោះ រៀងញឹកញាប់ ដូចអ្នកប្រដាប់នូវពេជ្ររ័ត្ន មានផ្នូរព្រះឱស្ឋនោះញញឹមប្រិមប្រិយល្អ បីដូចផ្លែជ្រៃមាសបាសទុំ សមនូវកម្ពស់ទ្រង់ទាយប្រពៃ បីដូចស្រីសួគ៌ មុខគួរអោយពិតពិលរមិលមើលក្រៃពេក។
កាលនោះនាយហត្ថីក៏នាំដំរីធំធាត់ឧទារល្អបវរ មានភ្លុកស្តាំនោះទន្ទាំ ដូចចន្ទោលរាជរថ មានចិត្តទាហានហានក្លានឹងសឹក ពុំភ្លឹកនឹងកាំភ្លើងថ្កើងកណ្តាលរឿណរង្គ ប្រដាប់ផ្ចង់ដោយគ្រឿងចងកញ្ចោងមាសល្អឧត្តម នាំមកថ្វាយសម្តេចព្រះនាងមទ្រីស្រីរ័ត្នកញ្ញា ទើបព្រះនាងលីលាឡើងទៅគង់លើព្រះទីនាំងគជសារ។ ឯអស់ស្រីជាបរិវារ ក៏សឹងដ៏ព្រមចិត្តមិត្តមូល ខ្លះក្រាបពិតទូលញញឹមប្រិមប្រិយ ខ្លះលើកដៃថ្វាយបង្គំ សមនូវរូបនោះល្អល្អះគាប់គួរ ខ្លះក៏សើចស្រួលផ្អៀងផ្អង ខ្លះដើរញ៉ែងញ៉ងផ្សារស្រី ហែសម្តេចព្រះនាងមទ្រីក្សត្រីមកឯទ័ពចំណតស្រេច ស្តេចទាំងពីរព្រះអង្គ មានព្រះទ័យសោមនស្សា នឹងអស់បរិវារនោះច្រើនពន់ប្រមាណ នៅឋានចំណតនោះឯង។ រីសម្តេចព្រះបាទសញ្ជ័យ ជាព្រះវរបិតា លុះបានអភិសេកសម្តេចព្រះឱរសស្រេចហើយ ស្តេចមានព្រះទ័យត្រេកអរ ទើបស្តេចចេញទៅប្រពាតព្រៃជាមួយនឹងពួកសេនាទាហានប្រមាណ១២អក្ខោភិនី និងអស់ស្រីស្នំ ទ្រង់ទតអស់ភ្នំ រុក្ខជាតិទាំងឡាយ ខ្លះទើបរំសាយកេសរផ្កា ខ្លះដុះស៊ែមគែមលើគ្នា មានផ្លែទុំៗ អស់ស្រីស្នំ ក៏រត់ដណ្តើមគ្នាបេះប្រឡេះលេងសប្បាយទីទៃៗ ទើបស្តេចចេញពីព្រៃនោះវិញ ឡើងទៅលើភ្នំជាសប្បាយ លោះលាយក្នុងព្រះរាជហរទ័យ នឹងអស់ព្រៃហេមពាន្ត មានបក្សាបក្សីបញ្ចុកចំណីកូនវាមានសំឡេងពិរោះ។ អស់អ្នកដង្ហែទាំងនោះ ត្រេកអរសោមនស្សផ្ទៀងត្រចៀកស្តាប់ស័ព្ទសត្វទាំងឡាយ។ ស្តេចទតសត្វម្រឹគ ប្រើស ទ្រាយ ទន្សោងខ្លោង គោព្រៃច្រើនក្រៃពន់ប្រមាណ ព្រះអង្គទតឧទកធារា តាមច្រកជ្រោះចន្លោះភ្នំ មានផ្កាបទុមច្រាសច្រាលដេរដាស ដុះឆ្លូកឆ្លាស់ដោយពណ៌ទីទៃៗ ឧត្បលចង្កុលណី លំចង់ ស្បង្ក័ជ ដុះលាយលេចគ្នាទាំង៥ពណ៌ដ៏រហង់ៗ។ អស់ស្រីទាំងឡាយត្រេកអរពន់ប្រមាណ ខ្លះបេះផ្កា ខ្លះបេះផ្លែ មកឆីជាសប្បាយនឹងអស់ស្រីស្នំនៅឋាននោះឯង។ ក៏ហេតុតែតេជះព្រះមេត្តាបារមីនៃព្រះបរមពោធិសត្វ បណ្តាលអោយពួកម្រឹគសាហាវ មានរាជសីហ៍ ខ្លាធំជាដើម ព្រមទាំងបក្សាបក្សីនៅនាព្រៃហេមពាន្តនេះមិនចេះបៀតបៀនគ្នាទៅវិញទៅមកដល់តិចឡើយ តែងមានចិត្តអាណិតស្រឡាញ់គ្នាទៅវិញទៅមកហោង។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ហៃភិក្ខុទាំងឡាយក្នុងបវរពុទ្ធសាសនា រីសត្វម្រឹគា រាជសីហ៍ គជសីហ៍ រមាំងរមាស ប្រើស ទ្រាយ ទន្សាយ ឈ្លូសផង ឯសារពើ សត្វចតុប្បាទ គឺគជសារ គោ សិង្ហ មហិង្សា ខ្លា អស្សមុខី យក្ខិនី ខ្មោច ព្រាយ ទាំងឡាយ នៅក្នុងព្រៃ បក្សី មយូរា រាជហង្ស ក្រៀល ចង្កៀលខ្យង ត្រយង ស្ទាំង អុកអក លលក ទទា និងអស់ម្រឹគាប៉ុន្មានៗក្តី អម្បាលអាស្រ័យនៅខាងមាត់ចង្វាត់អាស្រមនៃព្រះបរមពោធិសត្វ សឹងមានចិត្តស្រឡាញ់គ្នា ពុំហ៊ានពាធាបៀតបៀនអោយជាហេតុជាមន្ទិលដូចកាលពីមុន ហេតុតេជះបុណ្យជាត្រកាលព្រះរាជសម្ភារនៃព្រះបាទស្រីវេស្សន្តរនោះហោង។ អណ្តាប់នោះ សារពើសត្វផង ដឹងសេចក្តីជាព្រះរាជឥសីស្តេចនឹងត្រឡប់ចូលព្រះនគរវិញ។ អស់សត្វអម្បាលនៅក្នុងព្រៃហេមពាន្ត ក៏សឹងមកជួបជុំ ពុំបានយំរងាវទ្រពករកគ្នា ព្រួយចិត្តជាទុក្ខ ទំនៅស្ងួតស្ងប់ ស្ទើរពុំមានជីវិត គិតថា ឱ! ពីដើមព្រះបាទស្រីវេស្សន្តរ ព្រះអង្គមានព្រះមេត្រីករុណា គ្រងរក្សាយើងទាំងឡាយជាសុខក្សេមក្សាន្ត ពុំមានបៀតបៀនគ្នាឡើយ។ ឱ! អំពីនេះទៅហើយ តើនឹងបានអ្នកណាជាទីពឹងអាស្រ័យ នៃសារពើសត្វបក្សាបក្សី ដូចព្រះវេស្សន្តរ។ រីព្រះបាទស្រីសញ្ជ័យបរមបពិត្រជាមកុដលើត្បូងអស់អ្នកស្រីពិរាស្ត្រផង ព្រះអង្គស្តេចប្រពាតក្នុងព្រៃហេមពាន្ត ជាសុខក្សេមក្សាន្តប្រមាណមួយខែហើយ ទើបមានព្រះរាជឱង្ការអោយហៅអស់មុខមន្ត្រី សេនាបតីជាធំមក ហើយមានព្រះរាជឱង្ការថា ហៃអស់អ្នកទាំងឡាយអើយ រីអស់ផ្លូវទាំងពួងដែលសម្តេចព្រះវេស្សន្តរនឹងចូលទៅថ្កានព្រះនគរសឹងដ៏ឆ្ងាយ តើអ្នកទាំងឡាយប្រុងប្រៀបរៀបប្រដាប់ប្រដាស្រេចបរិបូណ៌ហើយឬនៅ ចូរអ្នកទាំងឡាយប្រាប់អញអោយបានដឹងក្នុងកាលឥឡូវនេះហោង។ អស់មុខមន្ត្រីសេនាបតីទាំងនោះ លុះបានស្តាប់ព្រះរាជឱង្ការដូច្នេះហើយ ក្រាបបង្គំទូលថា បពិត្រសម្តេចព្រះនរិន្ទនរនាថនារាយ៍នរបតីស្រីសម្មតិទេពមហាក្សត្រថ្លៃប្រសើរអើយ រីឯមាគ៌ា យើងខ្ញុំជាល្អងធូលីព្រះបាទរៀងប្រដាប់ប្រដាស្រេច អញ្ជើញស្តេចត្រឡប់ចូលនគរវិញ បានតាមសព្វព្រះរាជហរទ័យ។ អណ្តាប់នោះព្រះបាទស្រីសញ្ជ័យបានជ្រាបសេចក្តីស្រេចហើយ ពុំលង់ឡើយព្រះអង្គអោយអញ្ជើញព្រះរាជបុត្រាបុត្រីនិងចៅទាំងពីរ ហើយព្រះអង្គអោយយកស្គរជ័យភេរីវាយប្រាមប្រាប់អស់រេហ៍ពលសកលយោធាសេនាទាហានអោយបានដឹងគ្រប់គ្នាថា ស្តេចលើកព្យូហយាត្រាចេញអំពីព្រៃថ្កានព្រះនគរពិជ័យជេតុត្តរ ទើបព្រះបាទស្រីវេស្សន្តរ ស្តេចព្រះរាជដំណើរទៅ ជាមួយនឹងរាជបរិវារយ៉ាងធំសម្បើម ណែនណាន់តាន់តាប់ បើនឹងរាប់ជារយៈផ្លូវ តាំងអំពីភ្នំគិរីវង្កតដរាបដល់ក្រុងពិជ័យនោះ ជាចម្ងាយ៦០យោជន៍។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ហៃភិក្ខុទាំងឡាយអើយ រីមាគ៌ាដែលស្តេចព្រះរាជដំណើរនោះ ពួកប្រជាជននាំគ្នាជួយតាក់តែង អោយបានរាបទាបស្មើល្អប្រពៃ ប្រដាប់ប្រដាដោយដើមចេក ក្អមទឹកទង់ជ័យរាជវ័តិឆត្រផ្កាកម្រងចងរំយោល មានក្លិនពិដោរសព្វទិសារហូតរយៈផ្លូវ៦០យោជន៍ តាំងពីភ្នំគិរីវង្កតដែលស្តេចប្រថាប់ដរាបដល់ជេតុត្តរនគរ។ លុះបានឫកពារពេលាល្អ ទើបសម្តេចក្សត្រាក្សត្រីទាំង៦អង្គឡើងគង់លើគជសារ អស់ទាំងពួកសេនាទាំង៦ម៉ឺនក៏ប្រដាប់តាក់តែងរាងកាយល្អរុងរឿងដោយគ្រឿងមាស ដៃកាន់ធ្នូស្នានិងគ្រឿងសព្វយុទ្ធមានចិត្តមុះមុតក្លាហាន តាមហែរព្រះបាទស្រីវេស្សន្តររៀបជាជួរជាសង្កាត់ដោយនូវចង្វាត់ទីទៃៗ នៅនៃសងខាងមាគ៌ានោះ ដើម្បីដង្ហែស្តេចចូលព្រះនគរ តបន្ទាប់មកពួកស្រីស្នំ ព្រះរាជកុមារ ព្រះញាតិវង្សានុវង្ស និងពួកកុលបុត្រអាមាត្យ ពួកឈ្មួញ គហបតី ព្រាហ្មណ៍ព្រឹទ្ធាចារ្យ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង នាំគ្នាចោមរោមហែហមតាមស្តេច។ ពួកសេនាទាហានមានកាយពាក់សុទ្ធតែគ្រឿងក្រោះ សំណាញ់ក្បាលពាក់មួកទង់ដែង ដៃកាន់ខែលដាវលំពែង ជាក្បួនដង្ហែនាំមុខ ចំណែកខាងប្រជាជនអ្នកស្រុកអ្នកនិគម និងអ្នកជនបទដែលតាមហែហមព្រះបាទស្រីសញ្ជ័យ ក៏ដើរតាមក្រោយជាលំដាប់ ទើបមានព្រះរាជឱង្ការអោយលើកចតុរង្គសេនាយាត្រារាជមាគ៌ាដែលបានរៀបចំបម្រុងទុកនោះឯង។ កាលនោះក្សត្រទាំង៦អង្គ ស្តេចលីលាយាត្រាទៅក្នុងមួយថ្ងៃបានចម្ងាយ១យោជន៍ ត្រូវជា៦០យោជន៍ជាប្រាកដកំណត់បាន២ខែ ទើបស្តេចបានដល់ពិជ័យជេតុត្តរនគរនោះហោង។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ហៃភិក្ខុទាំងឡាយអើយ រីក្សត្រទាំង៦អង្គចូលទៅដល់នគរដ៏ក្សេមក្សាន្តសប្បាយពុំមានជាទុក្ខ ស្តេចឡើងគង់លើប្រាសាទដ៏ប្រសើរ ហើយទតព្រះនេត្រមើលទៅព្រះនគរ នូវអស់ជហ្វាដងក្តារខ្លោងទ្វារនាងច្រាល អម្បាលដែលជាងរចនាល្អវិចិត្រ មានប្រដាប់ភោជនាហារ មានរសពីសាផ្សេងៗ ហើយមានល្បែងច្រៀងរាំ ព្រះអង្គទតទៅយល់ហើយ មានព្រះរាជហរទ័យសោមនស្សសាទរ រីអស់នគរតូចធំ និគមស្រុកក្រៅលំនៅជនបទ នាកាលសម្តេចព្រះបាទវេស្សន្តរចូលមកដល់ព្រះនគរហើយ អស់មហាជនទាំងឡាយមានចិត្តត្រេកអររួសរាយ នាំដង្វាយមកថ្វាយព្រះមហាបុរសរ័ត្នច្រើនក្រៃពេក។ រីព្រះបរមពោធិសត្វនោះសោត ព្រះអង្គអោយទូងនូវភេរី ក្នុងព្រះនគរ ប្រាមប្រាប់បង្គាប់អស់អាណាប្រជានុរាស្ត្រទាំងឡាយអោយស្រាយខ្នោះដោះឃ្នាង ច្រវាក់អន្ទាក់ណែងណងអស់ទាំងចំណងសត្វផងទាំងឡាយ កុំបីមាននៅក្នុងព្រះនគរនោះឡើយ។ កាលនោះ ព្រះបរមពោធិសត្វ ស្តេចចូលក្រឡាព្រះបន្ទំបរមសុខសួស្តី ក្នុងរាត្រីហៀបនឹងព្រឹកព្រាង ស្វាងព្រះសុរិយា ទើបស្តេចទ្រង់ព្រះចិន្តាថា ឱ! ថ្ងៃព្រឹកនេះ សមស្មូមផងទាំងឡាយ វាឮពណ៌មានថា អញបានមកដល់ព្រះនគរហើយ សមព្រហាមស្អែកនេះ វានឹងមកចោមរោមសុំអញពុំខាន បើដូច្នោះ តើអញនឹងបានទ្រព្យអ្វីអោយទានស្មូមទាំងឡាយនោះ កាលព្រះអង្គតម្រិះយ៉ាងនេះហើយ ក៏ក្តៅដល់អាសនៈសម្តេចព្រះអមរិន្ទ្រាធិរាជ ព្រះអង្គអាចគិតពិចារណាជ្រាបសភាព ដោយព្រះទិព្វយោបល់ នូវប្រការអម្បាលនោះហើយ ព្រះអង្គក៏បណ្តាលមហាមេឃ អោយជោរជន់នូវទឹក បង្អុរនូវភ្លៀងរ័ត្នទាំង៧ប្រការអោយធ្លាក់ចុះមកព្រះរាជមន្ទីរនោះប្រមាណស្មើចង្កេះ ឯទីក្រៅពីនោះប្រមាណស្មើជង្គង់។
លុះព្រឹកឡើងហើយ ព្រះអង្គអោយអាមាត្យទៅប្រាប់អស់មនុស្សម្នាថា ទ្រព្យធ្លាក់ចុះត្រង់ផ្ទះសម្រាសរបងរបស់បុគ្គលណា អោយបុគ្គលនោះជញ្ជូនយកទុកជារបស់ខ្លួនចុះ។ បើធ្លាក់ក្នុងឋានពុំមានម្ចាស់ ព្រះអង្គនឹងជញ្ជូនមកទុកក្នុងឃ្លាំង ព្រះអង្គនឹងបានទ្រង់ព្រះរាជសទ្ធា ធ្វើបុណ្យអោយទានដរាបលុះដល់កំណត់អស់ព្រះជន្មទិវង្គតទៅ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ហៃភិក្ខុទាំងឡាយអើយ នាកាលព្រះបាទស្រីវេស្សន្តរ តែងទ្រង់ធ្វើសេចក្តីចម្រើនដល់រាស្ត្រ លុះស្តេចចូលដល់នគរ សម្តេចអមរិន្ទ្រាកោសីយ ក៏ទ្រង់បង្អុរនូវភ្លៀងរ័ត្នទាំង៧ប្រការអោយធ្លាក់ចុះមកក្នុងព្រះរាជមន្ទីរមួយរំពេច។ កាលនោះព្រះបាទស្រីវេស្សន្តរទ្រង់មានព្រះប្រាជ្ញាដ៏ប្រសើរឧត្តម តែងទ្រង់អប់រំបន្ទំបារមី រៀងរាបដរាបដល់អស់ព្រះជន្មទិវង្គតទៅ ព្រះអង្គក៏បានទៅកើតនៅនាតុសិតសួគ៌ាទេវលោក បានជាទេវបុត្រ១ព្រះអង្គ ទ្រង់ព្រះនាមថា សន្តុស្សិតទេវបុត្រ ប្រាកដហោង។
រីឯព្រះអរហំសម្មាសម្ពុទ្ធ ដ៏ជាមកុដឥសូរកំពូលត្រៃភព លុះព្រះអង្គនាំនិទាន ព្រះធម៌វិសេសទេសនាមហាវេស្សន្តរជាតក ដ៏ប្រដាប់ដោយគាថា១ពាន់ ទើបព្រះអង្គមានពុទ្ធដីកាថា ហៃភិក្ខុទាំងឡាយ រីមហាមេឃបណ្តាលអោយនូវភ្លៀងបោក្ខរព័ស៌ជាអស្ចារ្យ ធ្លាក់ចុះមកក្នុងសមាគមនៃព្រះញាតិតថាគតនោះ ពុំតែឥឡូវនេះឡើយ អំពីដើមមក កាលដែលតថាតគនៅជាព្រះបាទស្រីវេស្សន្តរនោះ ក៏មានភ្លៀងបោក្ខរព័ស៌ធ្លាក់ចុះមកដូច្នេះដែរ។ លុះទ្រង់សម្តែងនូវចតុរារិយសច្ចធម៌ចប់ស្រេចហើយ អស់មនុស្សទាំងឡាយ ក៏បានលុះសោតា សកទាគា អនាគា អរហត្ត នោះច្រើនពន់ប្រមាណ ទើបព្រះអង្គជំនុំប្រជុំជាតកថា រីជូជកព្រាហ្មណ៍លុះត្រឡប់ជាតិចេរវិលវឹងមក បានជាទេវត្ត។ រីនាងអមិត្តតាបនា ជាប្រពន្ធជូជកព្រាហ្មណ៍ បានមកជានាងចិញ្ចាមាណវិកា។ រីចេតបុត្រ ជាអ្នកចាំទ្វារផ្លូវព្រះបរមពោធិសត្វនោះ បានមកជាមហាឆន្ន។ រីអច្ចុត្តមហាឥសី ដែលបង្ហាញផ្លូវជូជកព្រាហ្មណ៍ បានមកជាព្រះសារីបុត្រ។ រីសម្តេចអមរិន្ទ្រាធិរាជ តែងនឹងអោយឱវាទដំបូន្មានព្រះបរមពោធិសត្វ បានមកជាអនុរុទ្ធាចារ្យ។ ឯព្រះវិស្សកម្មទេវបុត្រ ដែលនិម្មិតព្រះអាស្រមថ្វាយ បានមកជាមហាមោគ្គល្លាន។ ទេវតាដែលនិម្មិតអាត្មាជារាជសីហ៍ បានមកជាឧបាលី។ ទេវតាដែលនិម្មិតជាខ្លាធំ បានមកជាព្រះសីវលី។ ទេវតាដែលនិម្មិតអាត្មាជាខ្លាដំបង បានមកជាមុល្លនាគ។ រីទេវបុត្រដែលនិម្មិតជាព្រះវេស្សន្តរ ទៅស្រាយចំណងចៅជាលីនោះ បានមកជាមហាកច្ចាយនៈ។ នាងទេពធីតា ដែលនិម្មិតជាព្រះនាងមទ្រី ទៅស្រាយចំណងនាងក្រស្នា បានមកជានាងពៃសាខាពុទ្ធុបាសិកា។ ឯដំរីបច្ច័យនាគេន្ទ្រនោះ បានមកជាមហាកស្សបសង្ឃព្រឹទ្ធាចារ្យ។ រីមេដំរី បានមកជានាងកិសាគោតមី។ ព្រះបាទមទ្ទរាជ បានមកជាមហានាម។ មហាមាត្យ ដែលប្រដាប់ប្រដាទានថ្វាយព្រះបរមពោធិសត្វនោះ បានមកជាអានន្ទ។ អាមាត្យដែលខ្វល់ខ្វាយក្នុងការបរិច្ចាគទានថ្វាយព្រះបរមពោធិសត្វ បានមកជាអនាថបិណ្ឌិកឧបាសក។ ព្រះបាទស្រីសញ្ជ័យនរិន្ទរាជ បានមកជាពុទ្ធបិតា។ នាងសុបារសុប្បតី បានមកជាព្រះនាងសិរិមហាមាយាពុទ្ធមាតា។ រីនាងមទ្រីទេវីដ៏ជាព្រះវររាជមាតាចៅជាលីនិងនាងក្រស្នា បានមកជានាងយសោធរា រាហុលមាតា។ ចៅជាលីកុមារនោះ បានមកជារាហុលកុមារ។ នាងក្រស្នារាជកញ្ញា បានមកជា នាងឧប្បលវណ្ណា។ រីបរិស័ទសំណល់សល់ពីនោះ បានមកជាបរិស័ទរបស់តថាគត។ រីព្រះបាទស្រីវេស្សន្តរមហារាជនោះ មិនគឺអ្នកដទៃឡើយ គឺអង្គអញតថាគតនេះឯង ដែលបានត្រាស់ប្រាជ្ញាសព៌េជ្ញតាញាណ ជាទីពំនាក់នៃសត្វលោកផងទាំងឡាយ។
ហៃសាធុសប្បុរសទាំងឡាយអើយ ថាបើបុរសបុគ្គលណាបានស្តាប់ត្រាប់ត្រង រងរសអាថ៌ធម៌វិសេសទេសនាមហាវេស្សន្តរជាតកនេះហើយ ក៏សឹងរំដោះ ប្រាសចាកទុក្ខសោករោគភ័យចង្រៃឧបទ្រពផងទាំងឡាយ ទោះនៅក្នុងលោកិយក៏ប្រសើរ លុះអនាគតកាល ក៏សឹងបានលុះសោតា សកទា អនាគា អរហត្តផល បានដល់សម្បត្តិព្រះនិព្វាន ដ៏ជាឋានបរមសុខក្សេមក្សាន្តប្រសើរនោះទៀងប្រាកដហោង។
បពិត្រអើយ អាត្មាភាពសម្តែងថ្លែងព្រះធម៌វិសេសទេសនាមហាជាតក កណ្ឌនគរកណ្ឌ ដ៏ប្រដាប់នូវគាថា ៤៨គាថា ក៏ចូរជាបច្ច័យនៃទាយក ឧបាសក ឧបាសិកា ចប់ជាសូរេចបរិបូណ៌ សមគួរតាមវេលានេះឯងហោង។